កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
***
នារសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តាមការប្រគល់សិទ្ធដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន នៃ កសហវ. និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៤ របស់ កសហវ. ដោយមានការអញ្ជើញចូលរួមពីលោកអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន កសហវ. , លោកប្រធាននាយកដ្ឋានផែនការថវិកា, នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអង្គភាពថវិកាថ្នាក់កណ្តាល ដោយផ្ទាល់ និងមន្ទីរ សហវ រាជធានី ខេត្ត តាមរយ:ប្រព័ន្ធអនឡាញ Zoom សរុបប្រមាណ ១២៣នាក់។
កិច្ចប្រជុំនាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៣៖ (១) តាមដានការអនុវត្តថវិកា ៩ខែ របស់ក្រសួង, ការប៉ាន់ស្មានបន្ត, និងពិនិត្យឥណទានលើស/ខ្វះ, (២) ពិនិត្យលទ្ធភាពធ្វើចលនាឥណទានផ្ទៃក្នុងក្រសួង ដើម្បីប្រើប្រាស់ឥណទានថវិការួមរបស់ក្រសួង ឱ្យអស់លទ្ធភាពមុននឹងស្នើសុំបន្ថែមឥណទាននៅចុងឆ្នាំ និង (៣) បំពេញលក្ខខណ្ឌតម្រូវនៃបទដ្ឋានគតិយុត្តពាក់ព័ន្ធថវិកា និងការសម្រេចរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ។ កិច្ចប្រជុំបានដំណើការដោយពិភាក្សារួមគ្នាលើរបៀបវារៈចំនួន ៣ ៖ (១)ពិនិត្យលើលទ្ធផលនៃការបូកសរុបរបាយការណ៍អនុវត្តចំណូល-ចំណាយថវិកា ៩ខែ ឆ្នាំ២០២៤ របស់ កសហវ. (២) អំពីសារាចរបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤ និង (៣) ផ្សេងៗ។