សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
***
នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ, អគ្គលេខាធិការដ្ឋាន កសហវ. ដោយមាន ការគាំទ្រពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំសិក្ខាសាលាជាលើកទី៣ ស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក្រោមការដឹកនាំរបស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ចំនួន ៣៧ និងថ្នាក់ដឹកនាំ និង បុគ្គលិក មន្ត្រីរាជការ តំណាងអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ទាំង ២៥ សរុបប្រមាណ ៣៣០រូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងស្របតាមសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(CAP4) ដើម្បីចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាសមិទ្ធកម្ម របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពិគ្រោះយោបល់អំពីការអនុវត្តជាក់ស្ដែងនៅតាមក្រសួង ស្ថាប័ន ពាក់ព័ន្ធប្រធានបទចំនួន២ រួមមាន៖ ១-ថវិកាព័ត៌មានសមិទ្ធកម្ម ដែលផ្តោតលើការរៀបចំអាទិភាពនៃផែនការសកម្មភាព និង ២-បទពិសោធន៍អនុវត្តថវិកាសមិទ្ធកម្ម។ សិក្ខាសាលាបានដំណើរការដោយមាន៖
(១) ការធ្វើបទបង្ហាញពីតំណាងអគ្គលេខាធិការដ្ឋាន កសហវ. លើ ២ប្រធានបទខាងលើ និងកម្មវិធីចំណួរ-ចម្លើយ
(៣) វេទិកាពិភាក្សា និងការចែករំលែកបទពិសោធន៍ជាក់ស្តែង ពីតំណាងក្រសួង-ស្ថាប័នចំនួន៥ ដែលបានអនុវត្តថវិកាសមិទ្ធកម្ម និងអគ្គនាយកដ្ឋានជំនាញ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជានិម្មាបនករ ចំនួន ៥អង្គភាពផងដែរ។
សិក្ខាសាលាបានបញ្ចប់ទៅដោយរលូន និងមានការចូលរួមយ៉ាងផុសផុលពីតំណាងក្រសួង-ស្ថាប័ន និងអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។