ដើម្បីធានាថាគ្រប់អង្គភាពអនុវត្តថវិកា មានគណនេយ្យភាពទៅលើសមិទ្ធកម្មពេញលេញ គ្រប់អង្គភាពថវិកា ចាំបាច់ត្រូវមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ ក្នុងការបញ្ជាកិច្ចប្រតិបត្តិការចំណូល និងចំណាយថវិកា ក្នុងរង្វង់ឥណទានថវិការបស់ខ្លួន។
នាថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមីនា គ.ស. ២០២៥ វេលាម៉ោង ០៩:០0នាទីព្រឹក ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និង ឯកឧត្ដម ចាន់ សុធី រដ្ឋលេខាធិការ នៃ កសហវ., អមដោយ ឯកឧត្ដម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃ អ.គ.ហ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ., ឯកឧត្ដម អ៊ុង លុយណា អគ្គលេខាធិការរង នៃ អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចពេញលេញ ជូនអង្គភាពថវិកាក្រោមឱវាទក្រសួង-ស្ថាប័ន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដមថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័នចំនួន ៩ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍, ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងផែនការ, ក្រសួងព្រះបរមរាជវាំង, អង្គភាពប្រឆាំងអំពើពុករលួយ, និង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។