នៅរសៀលថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងនីតិវិធីទាំង៥ និងសេចក្ដីព្រាងចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃមូលនិធិបរិស្ថាន និងសង្គម នៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានការចូលរួមពីលេខាធិការដ្ឋានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម (គ.ម.ប.ស.) ដែលដឹកនាំដោយឯកឧត្តម ដាញ់ សេរី អមដោយឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញនៃ គ.ម.ប.ស.។សូមគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺផ្អែកលើស្មារតីនៃសិក្ខាសាលាពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងមូលនិធិកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានរៀបចំជូនដល់ ល.គ.ម.ប.ស. កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។