ថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងគម្រោង, គោលការណ៍នៃកិច្ចលទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់លេខាធិការដ្ឋានគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម នៃក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ដាញ់ សេរី ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម (គ.ម.ប.ស.) អមដោយឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញនៃ គ.ម.ប.ស.។ សូមគូសបញ្ចាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ខាងលើនេះ ត្រូវបានរៀបចំបន្តពីសិក្ខាសាលាដែលបានរៀបចំកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយផ្ដោតលើការពិគ្រោះយោបល់លើការកំណត់យុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះ ក៏ដូចជាការត្រួតពិនិត្យ និងវាយតម្លៃគម្រោង។