នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន វិទ្យាស្ថាន គណៈកម្មាធិការ គណៈកម្មការ និងអង្គភាពនានាដែលស្ថិតក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយមានកិច្ចសហការពីអគ្គនាយកដ្ឋានថវិកា ដើម្បី (១) ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តថវិកាឆ្នាំ២០២៤ នៅ កសហវ. និងបង្កើនគណនេយ្យភាពរបស់អង្គភាពថវិកា តាមរយៈការបញ្រ្ជាបការយល់ដឹងទូលាយ ពីតំណាងអគ្គនាយកដ្ឋានថវិកាដោយផ្ទាល់ លើខ្លឹមសារសំខាន់ៗ នៃសារាចរខាងលើ (២) បង្ហាញជូនទម្រង់របាយការណ៍ថ្មី ផ្ទៃក្នុងក្រសួង សម្រាប់ឆ្នាំ២០២៤ ព្រមទាំងកាលបរិច្ឆេទត្រូវផ្ដល់របាយការណ៍ និង (៣) បញ្ជាក់ជូនអង្គភាពថវិកាអំពីការងារដែលនៅសេសល់សម្រាប់ចាប់ផ្ដើមអនុវត្តថវិកាឆ្នាំ២០២៤ និងការត្រៀមរៀបចំថវិកាឆ្នាំ២០២៥ ដែលនឹងចាប់ផ្ដើមលឿនជាងឆ្នាំកន្លងមក ស្របតាមច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី។