នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.), ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយលោក Davide Berton ប្រធានកម្មវិធីផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃប្រតិភូតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU Delegation in Cambodia)។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការពង្រឹងតម្លាភាពថវិកានៅកម្ពុជា និងការត្រៀមសម្រាប់ការចូលរួមការអង្កេតលើការបើកចំហថវិកា (Open Budget Survey-OBS) ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពីលោក Desmond Ferguson ដែលជាអ្នកជំនាញការផ្នែកតម្លាភាពថវិកា ផងដែរ។